Ethereum

តើ Ethereum (ETH)គឺជាអ្វី?

Ethereum គឺជាប្រព័ន្ធបច្ចេកវិទ្យាកូដដែលអាចប្រើប្រាស់បានជាសាធារណៈ (Open-Source) និងជាប្រព័ន្ធដែលមានរូបិយប័ណ្ណគ្រីបតូផ្ទាល់ខ្លួន ហៅថា អ៊ីសហ្សឺ (Ether)​ ឬប្រើជាអក្សរកាត់ថា «អ៊ីហ្ស» (Eth)។ «អ៊ីហ្ស» (Eth) ដំណើរការជាកម្មវិធីវេទិកាសម្រាប់ធ្វើប្រតិបត្តិការរូបិយប័ណ្ណគ្រីបតូជាច្រើនផ្សេងទៀត រួមទាំងការធ្វើប្រតិបត្តិការ «កិច្ចសន្យាឆ្លាតវៃ» ឬហៅថា «Smart Contract»​ ។

Ethereum បានចេញផ្សាយ Whitepaper របស់ខ្លួននៅក្នុងឆ្នាំ២០១៣ ដោយលោក Vitalik Buterin។ លោក Buterin រួមជាមួយនឹងសហស្ថាបនិកផ្សេងទៀតទទួលបានមូលនិធិសម្រាប់គម្រោង Ethereum របស់ខ្លួនតាមរយៈការដាក់លក់នៅតាមបណ្តាញអ៊ីនធឺណេតនារដូវក្តៅក្នុងឆ្នាំ២០១៤។ សមាជិកក្រុមការងារគម្រោងនេះបានទទួលទឹកប្រាក់ប្រមាណ ១៨.៣ លានដុល្លារ​ ជាBitcoin ហើយតម្លៃ Ethereum ក្នុងពេលបើកដំណើរការបោះផ្សាយលក់មូលបត្រកម្មសិទ្ធកាក់ជាសាធារណៈ (ICO) របស់ខ្លួន គឺនៅក្នុងតម្លៃ 0.311 ដុល្លារ ហើយច្រើនជាង ៦០លានកាក់ «អ៊ីហ្ស» (Eth) ត្រូវបានលក់ចេញ។ ប្រសិនបើគិតតម្លៃ Ethereum ក្នុងពេលបច្ចុប្បន្ននេះ អត្រាផលចំណេញជាប្រចាំឆ្នាំ គឺស្មើនឹង២៧០% ដែលវាស្មើគុណនឹង៤ដងនៃការវិនិយោគរបស់អ្នកចាប់តាំងពីឆ្នាំ២០១៤ ។

គម្រោង Ethereum បានចាប់ផ្តើមដំណើរការប្រព័ន្ធបច្ចេកវិទ្យា Blockchain របស់ខ្លួនជាសាធារណៈនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ ក្រោមគំរូបណ្តាញកូដឈ្មោះថា «Frontier»។ ចាប់តាំងពីពេលនោះមកបណ្តាញប្រព័ន្ធ Blockchain របស់ Ethereum មួយចំនួនបានធ្វើការតំឡើង និងធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់មានដូចជា «Constantinople» បានធ្វើឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ «Istanbul» បានធ្វើឡើងនៅថ្ងៃទី៨ ខែធ្នូ​ ឆ្នាំ២០១៩ «Muir Glacier» បានធ្វើឡើងនៅថ្ងៃទី២ ខែមករា​ ឆ្នាំ២០២០ «Berlin» បានធ្វើឡើងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ និងចុងក្រោយថ្មីៗនះគឺ  «London hard fork» បានធ្វើឡើងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ។

គោលដៅសំខាន់របស់​Ethereumគឺក្លាយជាវេទិកាពិភពលោកសម្រាប់កម្មវិធីវិមជ្ឈការ(Decentralized Application)ផ្សេងៗ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ជុំវិញពិភពលោកអាចសរសេរ និងដំណើរការកម្មវិធីរបស់ខ្លួនបាននៅលើប្រព័ន្ធ Ethereum ព្រមទាំងអាចការពារពីការកែប្រែទិន្នន័យ ការរង់ចាំរយៈពេលយូរ និងការក្លែងបន្លំក្នុងពេលធ្វើប្រតិបត្តិការជាដើម ។

Ethereum.jpg

តើស្ថាបនិក Ethereum ជាអ្នកណា?

Ethereum មានសហស្ថាបនិកសរុបចំនួន៨រូប ដែលជាចំនួនច្រើនខុសពីធម្មតានៃគម្រោងគ្រីបតូផ្សេងៗ។ ពួកគេទាំង៨រូបបានជួបគ្នាជាលើកដំបូងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៤ នៅក្នុងទីក្រុង Zug ប្រទេសស្វីស ។

  • លោក Vitalik Burterin គឺជាជនជាតិរុស្សីសញ្ជាតិកាណាដាដែលមនុស្សភាគច្រើនបានស្គាល់ច្រើនជាងគេនៃសមាជិកសហស្ថាបនិករបស់ Ethereum។ លោកជាអ្នកសរសេរ Whitepaper ច្បាប់ដើមដែលបានពណ៌នាពី Ethereum នៅក្នុងឆ្នាំ២០១៣ ហើយលោកក៏នៅបន្តអភិវឌ្ឍកម្មវិធីរហូតមកដល់ពេលបច្ចុប្បន្ននេះ។ មុនពេលចាប់ផ្តើមគម្រោង Ethereum លោក Burterin ក៏ជា សហស្ថាបនិក និងជាអ្នកនិពន្ធរបស់គេហទំព័រសារព័ត៌មានទស្សនាវដ្តី Bitcoinផងដែរ ។
  • លោក Gavin Wood គឺជាអ្នកបង្កើតកម្មវិធី (Programmer) ជនជាតិអង់គ្លេស​ ហើយក៏ជាជនសំខាន់ទី២របស់សហស្ថាបនិក Ethereum។ លោកក៏ជាអ្នកសរសេរកូដបច្ចេកទេសមុនគេ របស់ Ethereum ដោយប្រើប្រាស់កម្មវិធី C++ និងជាអ្នកស្នើឲ្យប្រើភាសាកម្មវិធីដើមឈ្មោះថា «Solidity»។ លោកក៏មានតួនាទីជា នាយកផ្នែកបច្ចេកវិទ្យារបស់គម្រោង Ethereumផងដែរ មុនពេលចាប់ផ្តើមការងារជាមួយ Ethereum លោក Wood គឺជាអ្នកវិទ្យាសាស្រ្តស្រាវជ្រាវនៅក្នុងក្រុមហ៊ុនMicrosoft ហើយក្រោយមក លោកក៏បានបន្តបង្កើតកម្មវីធីគម្រោង Web3 ។  

ក្នុងចំណោមសហស្ថាបនិកផ្សេងទៀតរបស់ Ethereum គឺមាន លោក Anthony Di Iorio ​ដែលជាអ្នកសរសេរគម្រោងក្នុងពេលអភិវឌ្ឍន៍នាដំណាក់ដំបូង។ លោក Charles Hoskinson គឺជាតួអង្គសំខាន់ម្នាក់ផងដែរក្នុងការបង្កើតគម្រោង Ethereum តាំងនៅក្នុងប្រទេសស្វីស និងជាអ្នកសម្របសម្រួលតម្រូវការផ្នែកក្របខ័ណ្ឌច្បាប់ និងបទបញ្ញតិផ្សេងៗទៀត។ លោក Mihai Alisie គឺជាអ្នកផ្តល់ជំនួយក្នុងការបង្កើតគម្រោង Ethereum​ ហើយលោក Joseph Lubin គឺជាសហគ្រិនជនជាតិកាណាដា ក៏ជាអ្នកជួយផ្តល់មូលនិធិដល់គម្រោង Ethereum នាដំណាក់ដំបូង ហើយក្រោយមកលោកក៏បានបង្កើតគម្រោងធុរៈកិច្ចថ្មីដោយផ្អែកលើការប្រើប្រាស់លើប្រព័ន្ធ Ethereum​ ដែលមានឈ្មោះថា «ConsenSys»។ ចុងក្រោយគឺលោក Amir Chetrit ក៏ជាអ្នកចូលរួមក្នុងគម្រោង Ethereumផងដែរ ប៉ុន្តែក្រោយមក លោកក៏បានចាកចេញមុនពេលគម្រោងចេញជារូបរាង​ ។

Ethereum1.jpg

តើអ្វីដែលធ្វើឱ្យ Ethereum មានលក្ខណៈពិសេស?

Ethereum គឺជាគំនិតផ្តួចផ្តើមមុនគេបង្អស់ក្នុងការបង្កើតកម្មវិធី «កិច្ចសន្យាឆ្លាតវៃ» ឬហៅថា «Smart Contract»​។ «កិច្ចសន្យាឆ្លាតវៃ» ឬហៅថា «Smart Contract»​ នេះគឺជាកម្មវិធីកុំព្យូទ័រដែលធ្វើប្រតិបត្តិការដោយស្វ័យប្រវត្តិ នៅពេលដែលកិច្ចសន្យារបស់ភាគីទាំងឡាយត្រូវគ្នា និងព្រងព្រៀងនៅលើអ៊ីនធឺណេត។   គម្រោងនេះត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការប្រើប្រាស់ភាគីអន្តរការីក៏ដូចជាកាត់បន្ថយថ្លៃធ្វើប្រតិបត្តិការព្រមទាំងជួយបង្កើនទំនុកចិត្តលើការធ្វើប្រតិបត្តិការផ្សេងៗ ។

ភាពច្នៃប្រឌិតសំខាន់បំផុតរបស់ Ethereum គឺត្រូវបានបង្កើតឡើងជាកម្មវិធីវេទិកាដែលអនុញ្ញាតឲ្យមានប្រតិបត្តិការ «កិច្ចសន្យាឆ្លាតវៃ» ឬហៅថា «Smart Contract» ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា Blockchain ដែលជួយពង្រឹងបន្ថែមទៅលើអត្ថប្រយោជន៍ដែលមានស្រាប់។ យោងតាម លោក Gavin Wood ដែលជាសហស្ថាបនិក Ethereum បានបង្ហាញថា ប្រព័ន្ធបច្ចេកវិទ្យា Blockchain របស់ Ethereum គឺត្រូវបានបង្កើតឡើងក្នុងគោលបំណងជា «កុំព្យូទ័រមួយសម្រាប់ភពផែនដីទាំងមូល» ជាទ្រឹស្តីគឺវាអាចបង្កើតគ្រប់កម្មវិធីទាំងអស់ មានភាពរឹងមាំ ត្រឹមត្រូវ និងមិនងាយធ្វើការក្លែងបន្លំផ្សេងៗ ដោយដំណើរការដាក់បង្ហាញអាសយដ្ឋានធ្វើប្រតិបត្តិការនៅក្នុងប្រព័ន្ធ Blockchain សាធារណៈ ។

បន្ថែមពីលើ «កិច្ចសន្យាឆ្លាតវៃ» ឬហៅថា «Smart Contract» នេះ​ប្រព័ន្ធបច្ចេកវិទ្យា Blockchain របស់ Ethereum ក៏អាចទទួលដាក់ឲ្យដំណើរការរូបិយប័ណ្ណគ្រីបតូផ្សេងទៀត ដែលហៅថា «ទ្រព្យគ្រីមតូ ឬ tokens» តាមរយៈការប្រើប្រាស់កម្មវិធីស្តង់ការបច្ចេកទេសដែលមានឈ្មោះថា «ERC-20»។ ជាការពិត វាគឺជាកម្មវិធីមួយដែលទទួលបានប្រជាប្រិយភាពជាងគេរបស់ «អ៊ីហ្ស» (Eth) ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ «ទ្រព្យគ្រីមតូ ឬ tokens» ច្រើនជាង២៨០,០០០ ត្រូវបានចាប់ផ្តើមដំណើរការនៅលើ «ERC-20»នេះ។ ចំនួនច្រើនជាង ៤០ ក្នុងចំណោម «ទ្រព្យគ្រីមតូ ឬ tokens» ទាំងនេះ បានជាប់ក្នុងតារាងកំពូល រូបិយប័ណ្ណគ្រីបតូទាំង១០០ប្រភេទនៅក្នុងទីផ្សារគ្រីបតូ​​​ - ជាឧទាហរណ៍ មានដូចជា USDT LINK និងBNBជាដើម។ ជាងនេះទៅទៀត ចាប់តាំងការលេចឡើងពីវត្តមានរបស់ហ្គេម«Play2Earn» គឺមានការចាប់អារម្មណ៍ជាខ្លាំងទៅលើតម្លៃ «អ៊ីហ្ស» (Eth)​ ទៅនឹងរូបិយប័ណ្ណប៉េសូរបស់ប្រទេសភីលីពីន​ផងដែរ ៕

ប្រភព៖ Coinmarketcap

 

Was this article helpful?

0 out of 0 found this helpful

Have more questions? Submit a request

Comments

0 comments

Please sign in to leave a comment.